កំពូលកីឡាករប្រដាល់ Anthony Joshua ត្រូវបានគេទម្លាយថា កំពុងតែរៀបចំបើកភ្នាក់ងារបាល់ទាត់មួយ ដែលអាចកែប្រែវិស័យកីឡាមួយនេះអោយកាន់តែមានភាពជឿនលឿនជាងនេះ។
លោក Eddie Hearn ដែលជាម្ចាស់ក្រុមហ៊ុនផ្សព្វផ្សាយកីឡាប្រដាល់ Matchroom Sport បានអោយដឹងថា គាត់រួមជាមួយអតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពោលគឺ Anthony Joshua កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីបង្កើតនូវភ្នាក់ងារបាល់ទាត់ ដោយយកគម្រូតាមក្រុមហ៊ុន Matchroom Sport ផ្ទាល់តែម្តង។
និយាយនៅក្នុងកិច្ចសម្ភាសន៍មួយ លោក Hearn បានទទួលស្គាល់ថា ការចាប់ដៃគូសហការជាមួយបុគ្គល្បីដូចជា Anthony គឺជារឿងដ៏ល្អមួយ ព្រោះកីឡាករបាល់ទាត់សឹងតែគ្រប់គ្នា ប្រាកដជាស្គាល់នូវឥទ្ធិពល និងភាពល្បីល្បាញរបស់ Anthony Joshua ដូចនេះពួកគេអាចនឹងជម្រុញអោយវិស័យកីឡាបាល់ទាត់ កាន់តែមានភាពទូលំទូលាយខ្លាំងជាងមុនទៀត៕