ទីបំផុត ក្តីស្រម៉ៃរបស់កីឡាករ Granit Xhaka បានក្លាយជាការពិតមែនទែនហើយ បន្ទាប់ពីរូបគេបានយល់ព្រមនូវកិច្ចព្រមព្រៀងផ្លាស់ទៅលេងអោយក្រុម Sunderland នៅរដូវកាល 2025-2026 ខាងមុខនេះ បន្ទាប់ពីអុកឡុកមិនចង់បន្តនៅ Bayer Leverkusen។
ក្រុមឆ្មាខ្មៅ Sunderland ដែលនឹងឡើងមកលេងនៅលីគកំពូលអង់គ្លេសសម្រាប់រដូវកាលខាងមុខ បាននាំយកកីឡាករសំខាន់ហើយមានបទពិសោធន៍មួយរូប ពោលគឺ Granit Xhaka មកក្នុងកិច្ចព្រមព្រៀងតម្លៃប្រមាណ 17 លានផោន ដែលគ្រោងនឹងប្រកាសជាផ្លូវការនាប៉ុន្មានថ្ងៃខាងមុខ ដោយការផ្ទេរមួយនេះ ប្រៀបដូចជាជួយដកបន្លាចេញពីទ្រូងរបស់ខ្សែបម្រើការពារសញ្ជាតិស្វ៊ីសអញ្ចឹង។
គួររំលឹកផងដែរថា Xhaka បានប្រកាន់ជំហរថារូបគេគ្មានចិត្តចង់លេងនៅអាឡឺម៉ង់ទៀតនោះឡើយ បន្ទាប់ពីលោក Erik ten Hag បានឡើងជាគ្រូបង្វឹករបស់ Leverkusen ធ្វើអោយអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ដោយខ្លះលើកឡើងថា Xhaka ទំនងជាមិនអាចទ្រាំលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បាននោះឡើយព្រោះទំនាក់ទំនងរវាងភាគីទាំងពីរមិនល្អ៕