កីឡាករមុខស្រស់ Mason Mount បានទទួលស្គាល់ថាសម្តីរបស់លោក Ruben Amorim កាលពីពាក់កណ្តាលរដូវកាលមុន បានធ្វើអោយមានការប៉ះពាល់ជាខ្លាំងចំពោះផ្លូវចិត្តរបស់រូបគេ ក៏ដូចជាកីឡាករដទៃផ្សេងទៀតនៅក្នុងក្រុមបិសាចក្រហម Manchester United។
នៅពាក់កណ្តាលរដូវកាល 2024-2025 កន្លងទៅ លោក Ruben Amorim បានហៅក្រុមកីឡាកររបស់ Man Utd ថាជាក្រុមដែលអន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ព្រោះបានបញ្ចប់ទៅនៅក្នុងចំណាត់ថ្នាក់លេខ 15 ក្នុងលីគកំពូលអង់គ្លេស ហើយបានបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រពាន Europa League ក្រោមថ្វីជើងមាន់ខ្នាយមាស Tottenham Hotspurs។
ចំពោះការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ Mount បានទម្លាយអោយដឹងថា "ក្នុងនាមជាកីឡាករមួយរូប គ្មាននរណាចង់លឺបែបនេះឡើយ។ កាលពីរដូវកាលមុន ពួកយើងទាំងអស់គ្នាធ្វើមិនបានល្អនោះឡើយ ពួកយើងក៏បានដឹងច្បាស់ តែពេលនេះពួកយើងកំពុងតែព្យាយាមកែប្រែអោយបានល្អតាមដែលអាចធ្វើទៅបាន"៕