Banner advertisement

គ្រូចាស់ចាយស្ទើរ បានគ្រួថ្មីមក Spurs ចំណាយដល់ទៅ 115 លានក្នុងពេលត្រឹមតែ 24 ម៉ោង

23-Jul-2025 5:52 PM

រជ្ជកាលថ្មីរបស់មាន់ខ្នាយមាស Tottenham Hotspur អាចចាប់ផ្តើមជាផ្លូវការចាប់ពីពេលនេះតទៅហើយ ដោយគ្រូបង្វឹកលោក Thomas Frank បានចំណាយដល់ទៅ 115 លានផោនក្នុងពេលត្រឹមតែមួយថ្ងៃ ដើម្បីនាំយកកីឡាករសំខាន់ៗពីររូបមកបន្ថែម។



ក្លិប Tottenham បានប្រកាសជាផ្លូវការនូវការមកដល់របស់ខ្សែប្រយុទ្ធស្លាប Mohammeh Kudus នៅលើគណនីបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ដោយកីឡាករសញ្ជាតិហ្កាណារូបនេះបានចាកចេញពី West Ham ដើម្បីមកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដដែល ជាមួយនិងកិច្ចសន្យារយះពេល 6 ឆ្នាំមានតម្លៃប្រមាណ 55 លានផោន។ បន្ថែមពីនេះ ក្លិបក៏នឹងខិតកាន់តែកៀកក្នុងការនាំចូលកម្លាំងសំខាន់ថ្មីមួយទៀតពីក្រុមនៅលីគកំពូលអង់គ្លេសមួយទៀត ពោលគឺ Nottingham Forest ដោយខ្សែបម្រើ Morgan Gibbs-White គឺជាឈ្មោះបន្ទាប់ដែលកំពុងតែធ្វើការតេស្តសុខភាព មុនបង្ហាញមុខជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។



គួរបញ្ជាក់ទៀតផងដែរថា ទោះបានឈ្នះពាន UEFA Europa League កាលពីចុងរដូវកាលមុនក៏ពិតមែន តែ Tottenham Hotspur បានធ្វើការសម្រេចចិត្តយ៉ាងចម្លែកប្លែកភ្នែកមួយ ពោលគឺការបណ្តេញលោក Ange Postecoglu ចេញពីតំណែង ហើយយកគ្រូបង្វឹកក្រុម Brentford លោក Thomas Frank មកជំនួសសម្រាប់រដូវកាល 2025-2026 ខាងមុខនេះទៅវិញ ដោយធ្វើអោយមានការងឿងឆ្ងល់ខ្លាំងពីអ្នកគាំទ្រ ព្រោះ Brentford ធ្វើមិនសូវបានល្អនៅក្នុងលីគ ហើយក៏មិនមានសមិទ្ធផលអ្វីធំធេងដូចដែលលោក Postecoglu បានប្រគល់ជូន Tottenham នោះឡើយ៕

អត្ថបទដែលទាក់ទង