Jack Grealish ត្រូវបានគេរាយការណ៍ថាបានច្រានចោលនូវសំណើរពីក្លិប Fenerbahce ដែលកំពុងដឹកនាំដោយលោក Jose Mourinho ទោះបីអនាគតជាមួយមេឃខៀវ Manchester City មានភាពអួរអាប់ជាទីបំផុតក៏ដោយ។
បើតាមការចុះផ្សាយពីកាសែត Daily Mail ពេលនេះ Man City កំពុងតែចរចាគ្នាជាមួយ Everton ក្នុងសំណើរខ្ចីជើងមួយរដូវកាលសម្រាប់ Grealish ចំពេលមានការចាប់អារម្មណ៍ពី Fenerbahce។ យ៉ាងណាក្តី ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ មិនមានចេតនាចង់ផ្លាស់ទៅលេងនៅទួរគីនោះឡើយ ដោយអាចនឹងបន្តស្នាក់នៅប្រទេសកំណើតរបស់ខ្លួន តែជាមួយទ្រនំថ្មីវិញ។
គួររំលឹកផងដែរថា គ្រូបង្វឹកក្រុម Everton ពោលគឺលោក David Moyes ត្រូវបានគេស្គាល់ថាជាអ្នកដែលផ្តល់តម្លៃអោយ Grealish មួយរូប ជាក់ស្តែងកាលពីឆ្នាំ 2021 កន្លងទៅ គ្រូបង្វឹករូបនេះបានដាក់ងារអោយ Grealish ថាជាកីឡាករល្អបំផុតនៅក្នុងលីគកំពូលអង់គ្លេស Premier League កាលពី 4 ឆ្នាំមុនថែមទៀតផង៕