សេដ្ឋីបារាំង Paris Saint-Germain ទំនងជារកឃើញអ្នកដែលអាចស្នងតំណែងអ្នកចាំទីដៃទីមួយពីកីឡាករ Gianluigi Donnarumma បានហើយ ខណះដែលថ្នាក់ដឹកនាំក្លិបកំពុងតែសកម្មយ៉ាងខ្លាំងសម្រាប់អ្នកចាំទីវ័យក្មេងមួយរូប។
ប្រភពជាច្រើននៅប្រទេសបារាំងបានទម្លាយអោយដឹងថា គិតមកទល់ពេលនេះ PSG បានដាក់អ្នកចាំទី Lucas Chevalier របស់ក្លិប Lille ជាសមាសភាពដ៏សាកសមជាទីបំផុតដើម្បីចូលជំនួសតំណែងរបស់ Donnarumma ដោយប្រភពទាំងនោះបានអះអាងថា ម្ចាស់ពានលីគកំពូលបារាំងអាចនឹងចំណាយលុយយ៉ាងតិច 40 លានអឺរ៉ូសម្រាប់កីឡាករវ័យ 23 ឆ្នាំរូបនេះ។
ដំណឺងមួយនេះបានបង្កើតអោយមានការភាន់ភាំងជាខ្លាំង ព្រោះ Donnarumma គឺជាចំណែកមួយដ៏សំខាន់ដែលបានជួយអោយ PSG ឈ្នះសឹងតែគ្រប់ពាននៅរដូវកាលមុន លើកលែងតែពាន Club World Cup មួយគត់។ អ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះ បានទាក់ទាញក្រសែភ្នែកអ្នកគាំទ្រជាខ្លាំង ចំពោះសមត្ថភាពរបស់ខ្លួនដោយអាចជួយអោយក្លិបយក្សបារាំងលើកពាន UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕