នៅថ្ងៃស្អែក ! រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេសអំពីការវិត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីភាគី​ទាំងពីរបាន​ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម

07-Nov-2025 9:04 PM

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥  នឹងធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេសអំពីការវិត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។


បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ចាប់តាំងពីមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។ 

ជាក់ស្តែង ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីកម្ពុជានិងថៃបាននិងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូប ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

បន្ទាប់មក ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ក្នុងដំណាក់កាល ជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង