សមត្ថកិច្ចចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន៤នាក់

07-Nov-2025 8:54 PM

សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ និងរឹបអូបគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ។ ហើយសមត្ថកិច្ចបន្តស្រាវជ្រាវបក្ខពួកដែលនៅសេសសល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ការបង្ក្រាបនេះ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។


ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ប៊ុត វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ ហឿន ប៊ុនឈាម ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៤៨,២៩ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត វេលាម៉ោង១៨:៣០នាទី នៅថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ស្រ៊ុង សាវឿន ហៅ ឆាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ មឿង ចាន់ណា ហៅ ប៊ុនណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ 
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៩,៦៨ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ថង់ប្លាស្ទិកតូចពណ៌សថ្លា និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើម្នាក់ឈ្មោះ ហឿន ប៊ុនឈាម មានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ដីកា៖ ១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៥ត.ព្រ/២៤ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី០៥ ភូមិនិគមក្នុង ឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក/លោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តបាត់ដំបង ។
២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៥ត.ព្រ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក/លោកស្រី ហេង ផល្លា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលទាក់ទង