VAR អាចនឹងឆ្លងកាត់ការកែប្រែ ដែលធ្វើអោយការសម្រេចចិត្តកាន់តែមានភាពសុក្រិត្យជាងនេះ

30-Oct-2025 8:55 PM

ក្រុមជំនុំអ្នកបង្កើតច្បាប់បាល់ទាត់ នឹងធ្វើការពិភាក្សាបន្ថែមអំពីការផ្លាស់ប្តូរមួយចំនួន ដោយគ្រោងនឹងផ្តល់នូវអាទិភាពសម្រាប់វីដេអូជំនួយអាជ្ញាកណ្តាល VAR អោយមានសិទ្ធិក្នុងការត្រួតពិនិត្យចំពោះកាតលឿងទីពីរសម្រាប់កីឡាករគ្រប់ៗរូប។




ក្រុមសមាជិករបស់ថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់អន្តរជាតិ បានធ្វើការបញ្ជាក់ថា ពួកគេនឹងមានការជួបប្រជុំធំមួយនៅខែមករាឆ្នាំក្រោយ ដោយប្រធានបទពាក់ព័ន្ធទៅនឹង VAR នឹងត្រូវលើកមកពិភាក្សា ដែលការកែប្រែមួយនេះអាចនឹងធ្វើអោយ VAR មានឥទ្ធិពល ក៏ដូចជាភាពសុក្រិត្យខ្លាំងជាងមុន ក្រោមហេតុផលថាកាតលឿងទីពីរ គឺតែងតែជាការសម្រេចចិត្តមួយដែលអាចផ្លាស់ប្តូរស្ថានការការប្រកួតទាំងស្រុង។




បើតាមសារព័ត៌មាន The Times ថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់អន្តរជាតិ IFAB នឹងលើកយករឿងរ៉ាវជាច្រើនជុំវិញការរៀបចំ នឹងកែប្រែច្បាប់បាល់ទាត់អោយកាន់តែមានភាពល្អប្រសើរ ដោយក្នុងនោះផងដែរ VAR គឺជាចំណុចស្នូលមួយដែលមិនអាចរំលងបាននោះឡើយ។ ក្នុងករណីដែលច្បាប់ថ្មីត្រូវបានអនុញ្ញាតអោយប្រើប្រាស់ នោះមានន័យថាមន្ត្រីអាជ្ញាកណ្តាលទាំងអស់ សុទ្ធសឹងតែមានពេលវេលាដើម្បីទៅមើល VAR ជុំវិញការសម្រេចចិត្ត រឺកំហុសណាមួយដែលអាចបង្កជាកាតលឿងទីពីរក្នុងការប្រកួត មុនការសម្រេចចិត្តបណ្តេញចេញពីទីលាន៕

អត្ថបទដែលទាក់ទង