ក្លិប Bayern Munich មានជំនឿចិត្តកាន់តែខ្លាំងថាពួកគេអាចនឹងបន្តរក្សាកីឡាករ Harry Kane អោយនៅលេងអាឡឺម៉ង់ ប៉ុន្តែមូលហេតុគឺមិនមែនដោយសារតែការសម្រេចចិត្តរបស់សាមីខ្លួនទាំងស្រុងនោះឡើយ។
ក្លិបយក្សអាឡឺម៉ង់មួយនេះ កំពុងតែព្យាយាមគ្រប់បែបយ៉ាងដើម្បីធ្វើអោយ Kane បំភ្លេចចោលនូវក្តីស្រម៉ៃក្នុងការត្រឡប់ទៅលេងនៅលីគកំពូលអង់គ្លេសមុនចូលនិវត្តន៍ ខណះដែលខ្សែប្រយុទ្ធរូបនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយអោយ Bayern Munich យកឈ្នះការប្រកួតទាំងអស់នៅដើមរដូវកាល 2025-2026 នេះ។ ជាលទ្ធផល ថ្នាក់ដឹកនាំរបស់ Bayern អាចនឹងបើកការចរចាជាមួយ Kane នាពេលឆាប់ៗនេះ អំពីការបន្តកុងត្រាបន្ថែមពីលើកុងត្រាចាស់ដែលមានសុពលភាពរហូតដល់ឆ្នាំ 2027។
សារព័ត៌មានអាឡឺម៉ង់ធំៗជាច្រើនក៏បានចុះផ្សាយថា បើទោះជា Harry Kane មានលទ្ធភាពក្នុងការផ្តាច់កុងត្រានៅដើមរដូវកាលក្រោយក្នុងតម្លៃប្រមាណ 56.7 លានផោនក៏ពិតមែន ប៉ុន្តែប្រធានក្រុមជម្រើសជាតិអង់គ្លេសទំនងជាមិនធ្វើបែបនេះឡើយ ដោយសារតែការសម្រេចចិត្តរបស់ប្រពន្ធគេ ពោលគឺលោកស្រី Kate ។ បើតាមប្រភពជិតដិតមួយ ប្រពន្ធរបស់ Kane កំពុងតែមានជីវិតយ៉ាងរីករាយនៅទីក្រុង Munich ដោយសារតែការរស់នៅក្នុងទីក្រុងនេះ មានភាពសុខសាន នឹងឯកជនភាពជាងការរស់នៅក្នុងទីក្រុងឡុងដ៍ ហើយនេះអាចនឹងមានផលប៉ះពាល់ខ្លាំងទៅដល់ការសម្រេចចិត្តចំពោះអាជីពរបស់ Kane៕
