លោក Roberto De Zerbi ទំនងជាមានការមិនពេញចិត្តចំពោះទម្រង់លេងរបស់កីឡាករ Mason Greenwood ជាខ្លាំង ដោយបានបើកវីដេអូកីឡាករក្រុម Barcelona មួយរូបដើម្បីអោយ Greenwood មើលពីការលេងរបស់កីឡាករម្នាក់នោះ។
ចាប់តាំងពីការចាកចេញពីបិសាចក្រហម Manchester United មក ទម្រង់លេងរបស់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ហាក់ឡើងចុះដូចហាងឆេងទីផ្សារភាគហ៊ុន ដោយពេលខ្លះ Greenwood ធ្វើបានយ៉ាងល្អ ប៉ុន្តែនៅក្នុងការប្រកួតមួយចំនួន រូបគេបែរជាមិនអាចជួយអ្វីអោយក្រុម Marseille បានឡើយ ហើយនេះបានបង្កជាភាពស្មុគស្មាញទៅដល់គ្រូបង្វឹក។
ជាលទ្ធផល លោក De Zerbi បានទម្លាយនៅក្នុងសន្និសីទកាសែតថា ដើម្បីជួយអោយ Greenwood រក្សាទម្រង់លេងអោយបានកាន់តែល្អ គាត់បានបើកវីដេអូហាយឡាយរបស់កីឡាករ Raphinha អោយទៅ Greenwood មើល ដើម្បីបង្ហាញអោយឃើញថានៅរាល់ការប្រកួតនីមួយៗ Raphinha តែងតែព្យាយាមបញ្ចេញអោយអស់ពីសមត្ថភាពរបស់ខ្លួន ដែលជាហេតុធ្វើអោយ Raphinha ក្លាយជាបេក្ខភាពធំមួយក្នុងការប្រជែងពាន Ballon d'Or នៅឆ្នាំនេះ៕