ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានគេរាយការណ៍ថា កំពុងតែរៀបចំគម្រោងពហិការមិនចូលរួមការប្រកួតបាល់ទាត់លំដាប់ពិភពលោក FIFA World Cup ឆ្នាំ 2026 ក្នុងករណីដែលក្រុមជម្រើសជាតិអ៊ីស្រាអែលមានឈ្មោះចូលរួមលេងការប្រកួតដូចគ្នា។
នៅក្នុងសប្តាហ៍នេះ អង្គការសហប្រជាជាតិបានធ្វើការបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលពិតជាបានធ្វើការទម្លាក់គ្រាប់បែកទៅលើជនជាតិប៉ាលេស្ទីននៅតំបន់ Gaza ក្នុងចេតនាប្រល័យពូជសាសន៍ពិតមែន ហើយមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់អេស្ប៉ាញបាននិយាយថា ពួកគេនឹងធ្វើការសម្រេចចិត្តដ៏ធំមួយ ប្រសិនបើអ៊ីស្រាអែលមានឈ្មោះលេងនៅ World Cup ឆ្នាំក្រោយពិតមែន។
លោក Patxi Lopez អ្នកនាំពាក្យរបស់រដ្ឋាភិបាលអេស្ប៉ាញ បានថ្លែងទៅកាន់សារព័ត៌មាន RMC Sports ថា រដ្ឋាភិបាលអេស្ប៉ាញកំពុងតែតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពមួយនេះ ហើយបើទោះជាកីឡាមិនគួរមានការផ្សារភ្ជាប់ជាមួយនយោបាយប្រទេសជាតិក៏ពិតមែន ប៉ុន្តែទង្វើ នឹងចេតនារបស់រដ្ឋាភិបាលក្នុងការកម្ចាត់ជនជាតិប៉ាឡេស្ទីន គឺជារឿងដែលមិនអាចទទួលយកបាននោះឡើយ ដោយនេះជាពេលវេលាដែលពិភពលោកចាប់ផ្តើមយកចិត្តទុកដាក់៕