ប្រធានប្រចាំតំបន់របស់ UN Women​ នឹងតាមដានករណីអំពីជម្លោះព្រំដែនរវាង​កម្ពុជា​ និងថៃដោយយកចិត្តទុកដាក់

13-Oct-2025 1:29 PM

ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី គ្រីស្ទីន អារ៉ាប់ (Christine Arab) បានបញ្ជាក់ថា ៖​ មានសន្តិភាពគឺមានអ្វីៗទាំងអស់  ហេីយនឹងតាមដានករណីអំពីជម្លោះព្រំដែនកម្ពុជា​ និងថៃ​ ដោយយកចិត្តទុកដាក់ និងធ្វើកិច្ចការឱ្យអស់ពីលទ្ធភាព តាមតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពារសុខុមាលភាព សិទ្ធិ និងសន្តិសុខសម្រាប់ស្រ្តីនិងកុមារ។


ការបញ្ជាក់នេះ​ ក្នុងជំនួបពភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ក្នុងទីក្រុងប៉េកាំ ប្រទេសចិន នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនលោកស្រី គ្រីស្ទីន អារ៉ាប់ អំពីជម្លោះនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយបានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវបានភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។ 

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាតែងតែប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាង ជាមិត្តល្អហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ 

កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាតិ ប្រកាន់ភាពអត់ធ្មត់ ដើម្បីសុខសន្តិភាពសម្រាប់ពលរដ្ឋទាំងសងខាង។


លោកស្រី គ្រីស្ទីន អារ៉ាប់  បានស្តាប់ដោយយកចិត្តទុកពីការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានគាំទ្រតម្លៃសន្តិភាព ដូចអ្វីដែល សម្តេចប្រធានរដ្ឋសភា បានលើកឡើង។ 

លោកស្រី បានគូសសង្កត់ធ្ងន់ថា “មានសន្តិភាពគឺមានអ្វីៗទាំងអស់  និងបានបញ្ជាក់ថា UN Women នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់ និងធ្វើកិច្ចការឱ្យអស់ពីលទ្ធភាព តាមតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពារសុខុមាលភាព សិទ្ធិ និងសន្តិសុខសម្រាប់ស្រ្តីនិងកុមារ៕

អត្ថបទដែលទាក់ទង