(ភ្នំពេញ)៖ សមាគមខ្មែរចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នា ដោយថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀង GBC និង RBC។
សមាគមទាំង ៦នោះ រួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញវន្ដខ្មែរនៅកូរ៉េ និងសមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។
នៅក្នុងញត្តិថ្កោលទោសទាំងនោះ សមាគមទាំង ៦ បានសរសេរថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីថៃបានបន្តរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលមានន័យថា ភាគីទាំងពីត្រូវឈប់បាញ់ភ្លាមៗ និងត្រូវរក្សាទីតាំងខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។
ទន្ទឹមនេះ ភាគីថៃ ក៏បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី ២ មាត្រា ៤ នៃ MoU ឆ្នាំ ២០០០ និងរំលោភស្មារតីនៃកិច្ចប្រជុំ GBC និង RBC ដែលភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវរក្សាកម្លាំងទ័ពនៅទីតាំងដើមដែលខ្លួនកាន់កាប់ គិតត្រឹមពេលឈប់បាញ់ចូលជាធរមាន ដោយមិនត្រូវមានចល័តកងកម្លាំងដោយរួមទាំងការល្បាតផង សំដៅទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត។
សមាគមទាំង ៦នោះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់កងកម្លាំងសមត្ថកិច្ចថៃ មកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសការអនុវត្តច្បាប់ថៃមកលើដែនអធិតេយ្យជាតិកម្ពុជា។
ក្នុងនោះដែរ សមាគមទាំង ៦ ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ភាគីថៃ និងចាត់វិធានការចាំបាច់បំផុត ដើម្បីបង្ខំឱ្យប្រទេសនេះបញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លើនបែបនេះតទៅទៀត មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕