Banner advertisement

ឯកអគ្គរាជទូតជប៉ុន ៖ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក

01-Aug-2025 11:18 PM

ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម អ៊ូអិណុ ដែលបានចុះទស្សនកិច្ចពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំង សួរសុខទុក្ខបងប្អូនជនភៀសសឹក បានអត្ថាធិប្បាយថា ៖ «ថ្ងៃនេះ ខ្ញុំបានចូលរួមក្នុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ ដែលរៀបចំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនិងអង្គទូតដទៃទៀត។ 

ខ្ញុំបានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ 

នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក។

 ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ។»

អត្ថបទដែលទាក់ទង