រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានធ្វេីការឆ្លើយតបទៅនឹងលិខិតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ទាក់ទងនឹងសំណូមពរក្នុងការ រៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ General Border Committee (GBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយបានសម្តែងសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំតាមសំណូមពរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបន្តទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការ សម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រារៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះសូមស្នើឱ្យមានតំណាងមកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នេះ។
ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ។
ខ្ញុំទន្ទឹងរង់ចាំឱកាសជួបជាមួយឯកឧត្តម និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយមិត្តភាព និងសហការ សំដៅ សម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី។