Banner advertisement

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរលទ្ធផលកិច្ចចរចាពាណិជ្ជកម្ម រវាងកម្ពុជា និងអាមេរិក ជុំចុងក្រោយ លើការកំណត់ពន្ធគយបដិការ

01-Aug-2025 10:53 PM

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា នៅប៉ុន្មានម៉ោងទៀតនេះ សេចក្តីសម្រេចលើការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិកនឹងត្រូវចូលជាធរមានហើយ។ ក្នុងនោះសម្រាប់ព្រះរាជាណចក្រកម្ពុជាទទួលបានកិច្ចព្រមព្រៀងនូវអត្រា ១៩ % ។ 

អត្រានេះជាអត្រាទាបមួយក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលទទួលនូវការដាក់គយពន្ធបដិការពីសហរដ្ឋអាមេរិក និងដែលនឹងធានាភាពប្រកួតប្រជែងរបស់កម្ពុជាចំពោះទីផ្សារអាមេរិក។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការទាមទារយកអត្ថប្រយោជន៍ដែលល្អបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ 

ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ និងការឆ្លើយតបទាន់សភាពការណ៍ បានធ្វើឱ្យវិស័យពាណិជ្ជកម្មរបស់កម្ពុជាចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារ គណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែង ស្វែងរកកិច្ចព្រមព្រៀងមួយនេះ។ 


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពីគ្រប់ប្រទេសលើពិភពលោក ដោយឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិទៅវិញទៅមក និងដើម្បីការអភិវឌ្ឍដែលជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

អត្ថបទដែលទាក់ទង