ICRC ៖ ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិត​ក្រោមការឃុំ​គ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

19-Dec-2025 2:08 PM

ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទ​ក្រហមអន្តរជាតិ (ICRC)លោក Jürg Montani បានបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងសារតាំងជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។


ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិ​ការរបស់ ICRC នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះផ្តោតសំខាន់លើកម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ និងជំនួយមនុស្សធម៌ផ្សេងៗក្នុងអំឡុងពេលមានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

លោក Montani ក៏បានជម្រាបជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អំពីការចុះសួរសុខទុក្ខទាហានកម្ពុជាចំនួន ១៨ រូប ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយកងទ័ពថៃ។ យោងតាមការចុះសួរសុខទុក្ខនេះ លោកបានបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ 

លោកបានបញ្ជាក់បន្ថែមទៀតថា ICRC បានប្រគល់ជូនលិខិតជូនដំណឹងដល់គ្រួសាររបស់ទាហានទាំង ១៨រូប តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជាផងដែរ។

អត្ថបទដែលទាក់ទង