អំពើឈ្លានពានរបស់យោធាថៃ​ :​ ពលរដ្ឋកម្ពុជាស្លាប់ចំនួន១៨នាក់ របួសចំនួន៧៩នាក់ ជនភៀសសឹកជាង៤៧ម៉ឺននាក់

19-Dec-2025 1:56 PM

ក្រសួងមហាផ្ទៃបានអោយដឹងថា​ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុង បាងកក និងយោធាថៃមកលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បាន បណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន១៨នាក់ របួសចំនួន៧៩នាក់ ជនភៀសសឹកជាង១៤ម៉ឺនគ្រួសារ ស្មើនឹង ជាង៤៧ម៉ឺននាក់ ក្នុងនោះស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។ មានខេត្តមិនជាប់ព្រំដែនថៃ ចំនួន៥ហើយ បានទទួលជនភៀសសឹក។


បើគិតពីម៉ោង៦ល្ងាច ថ្ងៃទី១៧ខែធ្នូ មកដល់ម៉ោង៧ព្រឹកថ្ងៃទី១៨ ខែធ្នូ ផលប៉ះពាល់មានដូចខាងក្រោម៖

១-ករណីពលរដ្ឋស្លាប់ និងរបួស៖ មានពលរដ្ឋរបួសចំនួន១នាក់។

២-ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ខេត្តព្រះវិហារមានជនភៀសសឹក ១០.៨២៦គ្រួសារ ស្មើនឹង ៣៤.៥២១នាក់ ឧត្តរមានជ័យ ១១.៥៤១គ្រួសារ ស្មើនឹង ៣៨.៤៤១នាក់ បន្ទាយមានជ័យ ៥៤.៥០២គ្រួសារ ស្មើនឹង ១៨២.៨២០នាក់ បាត់ដំបង ១២.៩៣៣គ្រួសារ ស្មើនឹង ៤៦.៤៤១នាក់ ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង ៣.២២១នាក់ កោះកុង ២.២៨០ គ្រួសារ ស្មើនឹង ៨.២៦២នាក់ សៀមរាប ៤០.៨០៥គ្រួសារ ស្មើនឹង ១២៩.៦២០នាក់ ខេត្តកំពត ៣.១២០គ្រួសារ ស្មើនឹង ៩.៧៣៧នាក់ កំពង់ស្ពឺ ៨២៦គ្រួសារ ស្មើនឹង ២.៩៦៧នាក់ កណ្តាល ១.៧៩១គ្រួសារ ស្មើនឹង ៦.០៥៧នាក់ និងកំពង់ចាម ៤.៥៦២គ្រួសារ ស្មើនឹង ១៤.១៣៧នាក់។ សរុបពីដើមគ្រាមក ជនភៀសសឹកបានកើនដល់ ១៤៤.០៨៦គ្រួសារ ស្មើនឹង ៤៧៦.២២៤នាក់ ក្នុងនោះស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។

៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ មិនមានការខូចខាតថ្មីទេ។ គិតពីថ្ងៃទី៧ ខែធ្នូ មក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ៦៧ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទំ បុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករ ចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង ឃ្លាំងទិញ ដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង។ ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំ តាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានមោទនភាព និងកត់ត្រាទុកនូវកម្លាំងមហាសាមគ្គីជាតិ កំពុងមានចលនាកាន់តែសកម្មរឹងមាំខ្ពស់ត្រដែត ដោយកូនខ្មែរគ្រប់រូប នៅគ្រប់ទីកន្លែងទូទាំងពិភពលោក បានវេញស្មារតីជាតិជាធ្លុងមួយ ប្រកៀកស្នាគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្រ្តការពារជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​។

អត្ថបទដែលទាក់ទង