ឆ្លៀតនៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Javier Ignacio Maroto Aranzabal អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ។
ឯកឧត្តម អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ បានបង្ហាញការចាប់អារម្មណ៍ជាខ្លំាងអំពីបទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៦ ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងដើម្បីសន្តិភាពរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងថា អេស្ប៉ាញ និងកម្ពុជាមានទំនាក់ទំនងជាយូរមកហើយ នៅក្នុងនោះឯកឧត្តមក៏បានធ្លាប់បានទៅទស្សនាកម្ពុជា នៅខេត្តសៀមរាប ដែលជាទឹកដីពោរពេញដោយវប្បធម៌និងអរិយធម៌ដ៏រុងរឿង។
ឯកឧត្តម Javier Ignacio Maroto Aranzabal បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថាការចូលរួមក្នុងសន្និបាតអាយប៉ាលើកទី៤៦នាពេលនេះរបស់គណៈប្រតិភូសភាអេស្ប៉ាញ ក្នុងនាមជាភ្ញៀវម្ចាស់ផ្ទះប៉ុណ្ណោះ។
សភាអេស្ប៉ាញ បានដាក់បេក្ខភាពជាសភាសង្កេតការណ៍អាយប៉ា ដែលនឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ស៊ីជម្រៅទំាងក្រមខណ្ឌអាយប៉ានិងទ្វេភាគីជាមួយកម្ពុជា។ ឯកឧត្តមអនុប្រធានបានស្នើសម្តេចប្រធានរដ្ឋសភាគំាទ្រ បេក្ខភាពសភាអេស្ប៉ាញជាសភាសង្កេតការណ៍របស់អាយប៉ា។
សម្តេចរដ្ឋសភាធិបតី បានទទួលយកសំណើរបស់សភាអេស្ប៉ាញ ដោយបានគូសបញ្ជាក់ថា បេក្ខភាពអគ្គលេខាធិការអាយប៉ាអាណត្តិក្រោយចាប់ពីខែមករាឆ្នាំ២០២៦ ជាឥស្សរជនការទូតរបស់កម្ពុជា ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏ស្នើឯកឧត្តមអនុប្រធានរដ្ឋសភា ជួយគំាទ្រដល់វិស័យទេសចរណ៍នៅកម្ពុជា ដោយប្រទេសអេស្ប៉ាញមានជំនាញខាងទេសចរណ៍នេះនិងជួយជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទំាងពីរបន្ថែមទៀត។
សម្តេចរដ្ឋសភា ក៏ជម្រាបពីដំណើរដើមទងនៃជម្លោះឈ្លានពានថៃមកលើកម្ពុជាដែលបានកើតតំាងពីយូរមកហើយ ដោយសារភាគីថៃបដិសេធមិនព្រមប្រើប្រាស់ផែនទី ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ ទទួលស្គាល់ជាអន្តរជាតិ ធ្វើឡើងដោយបារំាង-សៀម។ ភាគីថៃបានប្រើប្រាស់ផែនទី ដែលគូសដោយឯកតោភាគី។
ចំណែកជម្លោះឈ្លានពានចុងក្រោយនេះ ទោះមានកិច្ចព្រមព្រៀងឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតី សហរដ្ឋអាមេរិក សម្របសម្រួលដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាច្រើន មានប្រទេសចិនជាដើម ហើយបានចូលជាធរមានតំាងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកម៉្លេះក្តី តែភាគីថៃ បានរំលោភបំពានជាញឹកញយ ធ្វើឱ្យមានការព្រួយបារម្ភជាខ្លំាងអំពីសុខសន្តិភាព ស្ថិរភាពរវាងប្រទេសទំាងពីរនិងសហគមន៍អាស៊ានទំាងមូល។
សម្តេចបញ្ជាក់ថាកម្ពុជាស្រឡាញ់សន្តិភាព ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ។
ឯកឧត្តម Javier Ignacio Maroto Aranzabal សន្យាថានឹងពាំនាំអ្វី ឯកឧត្តមទទួលបាននាពេលនេះ ជូន ឯកឧត្តមប្រធានរដ្ឋសភាអេស្ប៉ាញ ហើយអេស្ប៉ាញនឹងចូលរួមសង្កេតការណ៍ដោយយកចិត្តទុកដាក់ លើការអនុវត្តបទឈប់បាញ់ ក្នុងការលើកកម្ពស់សុខសុវត្ថិភាពជូនពលរដ្ឋ៕