អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ ៖ ព្រុយណេគាំទ្រលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

20-Sep-2025 2:04 PM

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណព្រុយណេដែលបានគាំទ្រ និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានជម្រាបជូនឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) អំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ 


ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។


ឯកឧត្តមអគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដើម្បីរក្សាបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជា សន្តិភាពនៅក្នុងតំបន់ទាំងមូល៕

អត្ថបទដែលទាក់ទង