សម្តេចតេជោ ហ៊ុន សែន អរគុណព្រុយណេចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ

20-Sep-2025 2:05 PM

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ។

ដោយសម្ដេចសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យភាគីទាំងពីរគឺរក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។ ការលើកឡើងរបស់សម្តេចតេជោនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។


សម្ដេចតេជោក៏អរគុណចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការក្នុងការទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង។ 


យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 


ឯកឧត្តមក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ នៃព្រុយណេជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា ។ 


ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើនដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ 
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើង និងអរព្រះគុណចំពោះព្រះចៅស៊ុលតង់ព្រុយណេដែលបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះសម្ដេច ហើយសម្ដេចក៏បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញផងដែរចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា។ 
នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងដោយពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេនាពេលបច្ចុប្បន្ននេះ ហើយសម្ដេចក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ បង្កើនថែមទៀតរវាងវិស័យយោធាកម្ពុជា និងព្រុយណេ។ 

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន រំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នឹងកាន់តែរីកចម្រើន ហើយក៏បានជូនពរឱ្យឯកឧត្តមមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេទទួលបានជោគជ័យនៅក្នុងពេលបំពេញបេសកកម្ម និងទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង