កិច្ចប្រជុំពិសេសលើកទី១ របស់ GBC ៖ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួល នូវយុទ្ធោបករណ៍ និងសម្ភារៈយោធា

10-Sep-2025 2:59 PM

ភ្នំពេញ៖ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។  

គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា យើងបានជួបប្រជុំគ្នានៅខេត្តកោះកុងនេះ ដើម្បីពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង ដើម្បីដាក់ចេញនូវជំហានជាក់ស្តែងនានាដែលចាំបាច់ សំដៅអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ បង្ហាញពីលទ្ធផលវិជ្ជមានមួយកម្រិតទៀត ពីលើការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ចំនួន ៤ លើក ដែលបានប្រព្រឹត្តទៅកាលពីខែមុន រវាងកងយោធពល ខេមរភូមិន្ទកម្ពុជា និងកងទ័ពភូមិន្ទថៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានរបស់យើងទាំងពីរ បានជួបប្រជុំគ្នា នៅក្នុងខេត្តកោះកុង ក្រោមបរិយាកាសប្រកបដោយភាពជិតស្និទ្ធ និងការស្ថាបនា ដើម្បីត្រៀម សម្រាប់កិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបញ្ជាក់ថា  ភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួល នូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។ ដើម្បីសម្រេចគោលបំណងខាងលើ ក្រុមការងារទាំងពីរនឹងជួបគ្នាក្នុង រយៈពេល ៣ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ដើម្បីចាប់ផ្ដើមពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈ ជាក់ស្តែង និងជាជំហានៗ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើ លក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់ នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់ យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

យើងក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទងជាទៀងទាត់រវាងយោធភូមិភាគ(កម្ពុជា) កងទ័ពភូមិភាគ (ថៃ) និងអង្គភាពតាមព្រំដែននៃភាគីទាំងពីរ ព្រមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បី ដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនង នៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។

ក្នុងស្មារតីរួមគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាថា ការបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មាន ក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់ ទោះក្នុងទម្រង់ណាក៏ដោយ គឺមានភាពចាំបាច់ណាស់ ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។

ក្នុងស្មារតីបង្កើនជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យ​ប្រសើរឡើងនៃទំនាក់ទំនង។ អង្គប្រជុំក៏បានពិភាក្សាករណីទាហានដែលត្រូវបានចាប់ខ្លួន ឆ្ពោះទៅរកការដោះលែងឱ្យបាន ឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និង ស្របតាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨ (A) នៃច្បាប់ទំនៀមទម្លាប់ មនុស្សធម៌អន្តរជាតិ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បី វិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពររបស់ប្រទេសជប៉ុន ដែលមានបំណងឱ្យ ប្រទេសទាំងពីរពិចារណាលើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។

ចំពោះការងារដោះមីនមនុស្សធម៌ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ ក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាព ព្រមទាំងសម្របសម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ។ ភាគីទាំងពីរនឹងរៀបចំ ឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្ដើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល ១ ខែខាងមុខ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

យើងក៏បានឯកភាពគ្នាផងដែរដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការងារដោយបង្ខំ និងការឆ្លងដែនខុសច្បាប់ ជាដើម។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មី ពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មានដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយ ស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។ ក្នុងន័យនេះ អង្គប្រជុំបានប្រគល់ភារកិច្ចដល់ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ ដើម្បីធ្វើការ រៀបចំផែនការសកម្មភាព សម្រាប់ដោះស្រាយបញ្ហាខាងលើ។

ក្នុងការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) គឺជាយន្តការ ក្នុងការអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាម បណ្ដោយព្រំដែនដោយសន្តិវិធី សំដៅលើកកម្ពស់ភាពសុខដុមរវាងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។

ជាចុងបញ្ចប់ ខ្ញុំសូមបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តទាំងអស់។

អត្ថបទដែលទាក់ទង