កំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះធ្វេីការស្រាវជ្រាវរហូតកំណត់បានគោលដៅទីកន្លែងលួចឱ្យមានការប្រេីប្រាស់គ្រឿងញៀន និងចែកចាយលក់បន្ដ នៅចំណុចខ្ទមក្រោយផ្ទះរបស់ឈ្មោះ សុខ សុជាតិ (Lik) ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិភ្នំបាត ឃុំជេីងរាស់ ស្រុកសាមគ្គីមុនីជ័យ។
ជាក់ស្តែង កម្លាំងបានបេីកប្រតិបត្ដិការឃាត់មុខសញ្ញាសង្ស័យសរុបចំនួន ៦នាក់ ៖ ១-ឈ្មោះ សុខ សុជាតិ ជាម្ចាស់ផ្ដល់ទីតាំងអោយមានការចែកចាយជួញដូរ និងប្រេីប្រាស់ ២-ឈ្មោះ សរ ទី ប្រុស ២២ឆ្នាំ ៣-ឈ្មោះ សិម ចំនេញ ប្រុស ៣៣ឆ្នាំ ៤-ឈ្មោះ ហួង ផល ប្រុស ៣៩ឆ្នាំ ៥-ឈ្មោះ ខុន រស្មី ប្រុស ៣៤ឆ្នាំ ៦-ឈ្មោះ លិម ធី ប្រុស ៤៣ឆ្នាំ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានធ្វេីការឆែករកឃេីញ ម្សៅក្រាមពណ៌ ស សង្ស័យជាគ្រឿងញៀនចំនួន ៩កញ្ចប់, ទូរស័ព្ទដៃ ៤គ្រឿង, ម៉ូតូ ២គ្រឿង, កាំភ្លេីងកែច្នែប្រេីខ្យល់ ១ដេីម និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
យោងតាមការរាយការណ៍ និងផ្ដល់ព័ត៌មានពីអាណាព្យាបាលមួយចំនួនថាទីតាំងខ្ទមដែលស្ថិតក្នុងដីឡូតិ៍របស់ឈ្មោះLik គឺមានមនុស្សចេញចូល និងមានសកម្មភាពមិនប្រក្រតីផ្សេងៗទៀត ទាំងការលេងល្បែង និងប្រេីប្រាស់គ្រឿងញៀនផឹកស្រាជាដេីម ស្រែកឡូឡាស្ទេីររាល់យប់មិនសូវលោះថៃ្ងនោះទេ ថៃ្ងនេះដោយបានការបង្រ្កាបពីសមត្ថកិច្ចនគរបាលស្រុក ពលរដ្ឋសម្ដែងការសាទរ និងគាំទ្រឱ្យមានចំណាត់ការទៅលេីក្រុមនេះ និងស្រាវជ្រាវរកបក្ខពួកមេក្លោងបន្ដទៀត។
បច្ចុប្បន្នមុខសញ្ញាទាំង៦នាក់ រួមជាមួយវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យគ្រឿងញៀនចំណាត់ការតាមច្បាប់៕