ភ្នំពេញ៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស (Ferdinand Romualdez Marcos Jr. ) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ថា ឯកឧត្តមនឹងព្យាយាមធ្វើឲ្យអស់លទ្ធភាពក្នុងនាមជាប្រទេសសមាជិកអាស៊ានដើម្បីធ្វើយ៉ាងណាឲ្យភាគីកម្ពុជា និងថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី និងវិលមករកប្រក្រតីភាពឡើងវិញ នៃស្ថានភាពព្រំដែនកម្ពុជា និងថៃ។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំកំពូល ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស (Ferdinand Romualdez Marcos Jr. ) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសម្តេចតេជោ បានពន្យល់ទៅកាន់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន អំពីស្ថានភាពព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការអរគុណចំពោះហ្វីលីពីន ដែលតែងតែគាំទ្រនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជា និងថៃ នាពេលកន្លងមក។ ជាពិសេស គឺការគាំទ្ររបស់ហ្វីលីពីន ក្នុងការជម្រុញការធានាឲ្យបាននូវបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ចំណែកឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ថា ឯកឧត្តមនឹងព្យាយាមធ្វើឲ្យអស់លទ្ធភាពក្នុងនាមជាប្រទេសសមាជិកអាស៊ានដើម្បីធ្វើយ៉ាងណាឲ្យភាគីកម្ពុជា និងថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធីនិងវិលមករកប្រក្រតីភាពឡើងវិញនៃស្ថានភាពព្រំដែន កម្ពុជា និងថៃ ។ ហើយឯកឧត្តមចង់ឃើញសន្តិភាពកើតមានសម្រាប់ប្រទេសទាំងពីរ។
សូមជម្រាបថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១:៥០នាទីរសៀលនេះ ក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។
ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។
កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។