រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានបកស្រាយបំភ្លឺពីការលើកឡើង របស់គណនីហ្វេសប៊ុកផេកមួយឈ្មោះ Lim Kimsor ដែលបានសរសេរបង្ហោះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថា “លឺថា បើចង់ធ្វើការនៅព្រលានយន្តហោះថ្មី ត្រូវបង់ថ្លៃសេវាមុខងារ ៣,០០០$ ទៅ ៥០,០០០$ ទើបអាចធ្វើការ នៅនោះបាន” ដែលការសរសេរបង្ហោះនេះ ជាការលើកឡើងមិនពិត ដោយពុំមានភស្តុតាង និងប្រភពច្បាស់លាស់។
យោងខ្លឹមសារនៃការសរសេរបង្ហោះនេះ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃអាកាសយានដ្ឋានអន្តរជាតិ តេជោ (KTI) ដែលត្រៀមនឹងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ក៏ដូចជាប៉ះពាល់ដល់ស្ថានប័នពាក់ព័ន្ធ ជាពិសេសមុខមាត់ប្រទេសជាតិ ព្រមទាំងធ្វើឱ្យសាធារណជនមានការយល់ច្រលំខុស អំពីនីតិវិធីក្នុងការជ្រើសរើស បុគ្គលិករបស់អាកាសយានដ្ឋាន។