អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេលបីថ្ងៃមកនេះ ក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរបានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។