Banner advertisement

រដ្ឋមន្ត្រីការពារជាតិកម្ពុជាប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិថៃថា កម្ពុជាមិនអាចដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីបាននោះទេ

06-Jun-2025 8:05 PM

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ទៅឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា កម្ពុជាមិនអាចដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីបាននោះទេ។ ពីព្រោះទីតាំងនេះ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ 
 ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិថៃ នៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។


ទាក់ទងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា ៖ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជាបន្តថា ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ២០២៥ កន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ 
៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។ 
រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបន្តថា ៖ ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិតថាកងទ័ពព្រំដែនកម្ពុជាបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ 

ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ៦ មិថុនា ២០២៥ នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិតថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា​ ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធ នេះ បាន បណ្តាល ឱ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបន្តថា​ការវាយប្រហារនេះបានបំពានទៅលើ អធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។

កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។

អត្ថបទដែលទាក់ទង