Banner advertisement

ឆ្លេីយតបទៅភាគីថៃ​ ៖​ កម្ពុជាមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ICJ រួចហើយ

05-Jun-2025 10:12 PM

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ICJ រួចហើយ។


ភាគីកម្ពុជានៅតែបង្ហាញក្ដី​សង្ឃឹម​ថា ថៃនឹងសហការគ្នាបញ្ជូនសំណុំរឿងនេះ​ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្នុងស្មារតីយុត្តិធម៌, ការកសាង​ទំនុកចិត្ត, មិត្តភាពយូរអង្វែង និងភាពជា​អ្នកជិតខាងល្អ។ យ៉ាងណាក៏ដោយ បើមិនមានកិច្ចសហការនៅពេលខាងមុខទេ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការរឿងនេះដោយខ្លួនឯង។
ដោយហេតុថាបញ្ហានៅតំបន់រសើបទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កម្ពុជាបានរៀបចំដើម្បីបញ្ជូនទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិហើយ ដូច្នេះករណីទាំង៤នេះនឹងមិនបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំJBCនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដែលកម្ពុជាជាម្ចាស់ផ្ទះនោះទេ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃរួចហើយ។ កិច្ចប្រជុំនេះ នឹងជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។

ឯកឧត្តម ជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ៖ ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរបានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ៖ ក្នុងស្មារតីនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃរួចហើយ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ។

អត្ថបទដែលទាក់ទង