យោងតាមប្រកាសក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ស្ថិតក្នុងរចនាសម្ព័ន្ធចំណុះនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងមានតួនាទីធ្វើជាសេនាធិការ លើការងារបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងបំប៉នជំនាញនគរបាលការពារព្រំដែន។
បើតាមប្រកាសដដែល សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន មានភារកិច្ចជាច្រើនដូចជា ផ្តើមយោបល់ លើកគោលការណ៍ ផែនការ និងវិធានការលើការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នជំនាញនគរបាលការពារព្រំដែន លើកគម្រោងផែនការបណ្តុះបណ្ដាល ហ្វឹកហ្វឺន និងបំប៉នអំពីមុខជំនាញ យុទ្ធសាស្ត្រ យុទ្ធវិធី បច្ចេកទេសព្រំដែន ច្បាប់ជាតិ-អន្តរជាតិ និងព័ត៌មានវិទ្យាដល់នគរបាលការពារព្រំដែនទូទាំងប្រទេស សិក្សាស្រាវជ្រាវចងក្រងឯកសារបង្ហាត់បង្រៀន និងធ្វើទំនើបកម្មឯកសារមេរៀនទៅតាមសភាពការណ៍វិវឌ្ឍរបស់ប្រទេសជាតិ និងសកលលោក គ្រប់គ្រងនិងរៀបចំផែនការអភិវឌ្ឍសមត្ថភាពគ្រូបង្គោលគ្រប់មុខវិជ្ជា ដើម្បីបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នជំនាញដល់មន្ត្រីនគរបាលការពារព្រំដែន សម្របសម្រួលរៀបចំចាត់ចែងគ្រូឧទ្ទេសតាមកម្មវិធីបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នជំនាញនៃវគ្គសិក្សានីមួយៗ បណ្តុះបណ្តាលដល់មន្ត្រីនគរបាលការពារព្រំដែនដែលទើបជ្រើសរើសថ្មី និងបណ្តុះបណ្តាលបំប៉ន ជំនាញដល់មន្ត្រីនគរបាលការពារព្រំដែនអំពីយុទ្ធសាស្ត្រ យុទ្ធវិធី បច្ចេកទេសជំនាញការពារព្រំដែននិងច្បាប់ផ្សេងៗ។
ក្រៅពីនេះ សាលាក៏មានភារកិច្ចត្រួតពិនិត្យសន្និដ្ឋាន វាយតម្លៃលើការសិក្សា និងគ្រប់គ្រងសំណុំឯកសារសិក្ខាកាម រៀបចំការប្រឡង និងរៀបចំសំណុំបែបបទជូនអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមនៅពេលបញ្ចប់វគ្គនីមួយៗ ចាត់តាំងការពារ យាមកាម ធ្វើអនាម័យ និងរៀបចំកែលម្អសោភ័ណភាពក្នុងបរិវេណសាលា ផ្គត់ផ្គង់ជីវភាពលើការហូបចុក ស្នាក់នៅរបស់សិក្ខាកាម ឱ្យបានត្រឹមត្រូវតាមការកំណត់របស់ក្រសួង គ្រប់គ្រង ថែរក្សា សម្ភារ មធ្យោបាយ ចលនទ្រព្យ និងអចលនទ្រព្យរបស់សាលា ធ្វើរបាយការណ៍បូកសរុបសន្និដ្ឋាន វាយតម្លៃអំពីលទ្ធផលការងារ និងលើកទិសដៅការងាររបស់ សាលាជូនប្រធាននាយកដ្ឋានតាមការកំណត់ និងបំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែនប្រគល់ឱ្យ។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ជាអង្គភាពស្ថិតក្នុងរចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានតួនាទីធ្វើជាសេនាធិការក្នុងការសិក្សារៀបចំ គោលការណ៍ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពការងារបច្ចេកទេសព្រំដែន។ បច្ចុប្បន្ននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក វូ ហាក់ ជាប្រធាន និងមានអនុប្រធានមួយចំនួនទៀតជាសេនាធិការ។
បើតាមលោកឧត្តមសេនីយ៍ឯក វូ ហាក់ ក្នុងមួយឆ្នាំៗ សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន បានបើកវគ្គបណ្តុះបណ្តាលចន្លោះ ២ទៅ៣វគ្គ ដោយមានសិក្ខាកាមចូលរួមពី៥០០ ទៅ៦០០នាក់ មកពីវរសេនាតូចនគរបាលការពារព្រំដែន ទាំង៣៦។ សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន មានទីតាំងនៅខេត្តព្រះវិហារ និងមានគ្រូបច្ចេកទេសចំនួន១២នាក់ ព្រមទាំងគ្រូជំនួយមួយចំនួនទៀតដែលបាននិងកំពុងបង្រៀនមន្រ្តីនគរបាលយ៉ាងសកម្ម និងប្រកបដោយគុណភាព៕