ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្រ្តការទូតជិតខាតរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥតងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពជាតិរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ស៊ី ជីនពីង បន្ទាប់ពីអញ្ជើញមកដល់កម្ពុជានាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តម ស៊ី ជីនពីង មានភាពជឿជាក់ថា ជាមួយការប្រទានពរជ័យពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់ រាជរដ្ឋាភិបាលដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រជាជនកម្ពុជា នឹងសម្រេចបានសមិទ្ធផលកាន់តែល្អអស្ចារ្យថែមទៀត នៅក្នុងដំណើរអភិវឌ្ឍន៍ជាតិ ។

ឯកឧត្តមប្រធានាធិបតីបានបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ហើយគ្មានការប្រែប្រួលឡើយ ទោះត្រូវប្រឈមមុខ ជាមួយបរិយាកាសអន្តរជាតិប្រែប្រួលបែបណាក៏ដោយ និងបានបន្តឋិតថេររឹងមាំជាប់ជានិច្ច។

ចិននិងកម្ពុជាបានដើរតួនាទីនាំមុខ ក្នុងការកសាងសហគមន៍រួមវាសនា នៅក្នុងកម្រិតទ្វេភាគី ព្រមទាំងក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ។ ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពជាតិ ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍនិងវិបុលភាព ហើយធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីសមភាពនិងយុត្តមធ៌ នៅក្នុងកិច្ចការអន្តរជាតិ។
ពួកយើងបានបម្រើជាគំរូដ៏ប្រសើរបំផុតមួយ ក្នុងការកសាងទំនាក់ទំនងប្រភេទថ្មី និងក្នុងការចូលរួមចំណែកកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិ។
ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពមួយ នៅក្នុងយុទ្ធសាស្រ្តការទូតជិតខាតរបស់ប្រទេសចិន។ ចិននឹងបន្តផ្តល់ការគាំទ្រដោយឥតងាករេចំពោះកម្ពុជា ក្នុងការប្រកាន់ខ្ជាប់សិទ្ធិស្វ័យភាពយុទ្ធសាស្រ្ត និងការដើរលើគន្លងផ្លូវអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពជាតិរបស់កម្ពុជា។
