ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម ទុយ រី បានលើកឡើងអំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្តែងនូវការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រកាន់ជំហររក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំង ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តគាំទ្រ និងជឿជាក់លើការដឹកនាំ ដ៏ឈ្លាសវៃ និងសមត្ថភាពរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដឹ និងដើម្បីផលប្រយោជន៍ប្រទេសកម្ពុជា។
ការលើកឡើងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។
ក្រោយចប់កម្មវិធីសាសនា ទាំងព្រះសង្ឃ និងបងប្អូនអ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងចម្រៀងស្នេហាជាតិចំនួន ៣បទ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជា ដោយទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕