ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ជូនអង្គទូតប្រចាំកម្ពុជាថា កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា។
តំបន់ទាំង៤ គឺតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអារិភាពរវាងប្រជាជនទាំងពីរ និងការប៉ះទង្គិចគ្នាដោយអាវុធ បើទោះជាមានការខិតខំដោះ ស្រាយតាមយន្តការទ្វេភាគីអស់រាប់ទសវត្សរ៍មកហើយក្តី។
ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយសមាជិកអង្គទូតប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) អំពីបំណងស្នើសុំដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួនគឺ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។