Banner advertisement

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតទៅលើគណនីក្លែងក្លាយដែលបានយករូបសម្តេចតេជោ ហ៊ុន សែន ធ្វើជាជាប្រូហ្វាល់ និងអំពាវនាវ រៃអង្គាសថវិកា ពីពលករកម្ពុជារស់នៅថៃដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់

21-Jun-2025 1:28 PM

ថ្មីៗនេះ កំឡុងពេលព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះបញ្ហាជម្លោះព្រំដែន ជាមួយព្រះរាជាណាចក្រថៃ  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនឆ្លៀតឱកាសមួយចំនួនបានធ្វើការបង្កើតគណនីតាមបណ្តាញទំនាក់ទំនងសង្គមក្លែងក្លាយជាភាសាថៃ ដែលបានយករូបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាជាប្រូហ្វាល់ និងបានធ្វើការផ្សព្វផ្សាយ អំពាវនាវ រៃអង្គាសថវិកា ពីពលករកម្ពុជារស់នៅក្នុងព្រះជាណាចក្រថៃ ដែលមានខ្លឹមសារថា « សួស្តីបាទ ខ្ញុំ ហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ ៣០០បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន ៥០ ០០០បាតភ្លាម ពេលច្បាំងឈ្នះ »


សូមបញ្ជាក់ថា ផេក Facebook ផ្លូវការរបស់សម្ដេចតេជោមានតែមួយគត់គឺ Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) និងមានសញ្ញាធីក verify ពីក្រុមហ៊ុន meta ដែលទង្វើផ្សព្វផ្សាយខាងលើទាំងអស់នោះគឺជាអំពីឆបោក។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យឱ្យបានហ្មត់ចត់ ទៅលើគណនីតាមបណ្តាញទំនាក់ទំនងសង្គមទាំងឡាយ ដែលបានយករូបថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា មកបង្កើតជាគណនីតាមបណ្ដាញសង្គមផ្សេងៗ ព្រោះទង្វើទាំងអស់នោះគឺជាការលាបពណ៌ ក្លែងបន្លំព័ត៌មាន បំភ្លៃការពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ និងជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗក្នុងប្រការណាមួយ។
តមតាមបញ្ជាដឹកនាំរបស់អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាន កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតទៅលើគណនីក្លែងក្លាយទាំងអស់នោះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

អត្ថបទដែលទាក់ទង