សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើចិនជំរុញកម្ពុជា-ថៃ ជៀសវាងការប្រើកម្លាំងយោធា ដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច ជាពិសេសកន្លែងមានពលរដ្ឋរស់នៅ។
សំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។
សម្តេចមហាបវរធិបតី បានគូសរំលេចលើទំព័រហ្វេសប៊ុកថា ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង ហ៊ូនីង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
សម្តេចមហាបវរធិបតី បានរៀបរាប់ទៀតថា ក្នុងជំនួបនោះ ក៏បានជជែកពាក់ព័ន្ធជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនោះ សម្តេចក៏បានស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរកម្ពុជា និងថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC)ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែសីហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិនផងដែរ។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីចិន គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់៕