ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ។
ការចូលចតនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
នាវាចម្បាំងកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម។
គួរបញ្ជាក់ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម គឺជានាវាបរទេសទី២ ហើយត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា។
លក្ខណៈបច្ចេកទេសនាវា HQ ២៦១-មានបណ្ដោយ ៤៩.៥៦ម៉ែត្រ ទទឹង ៩.២ម៉ែត្រ ជម្រៅទឹក ២.៣ម៉ែត្រ ទម្ងន់ ផ្ទុក ៣៧៥តោន និងមាននាវិកសរុបចំនួន ៣៧នាកដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីត្រី ង៉ូ ក្វាងគឿង ៕