អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖
នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស (ជាអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ) ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើបណ្តោយផ្លូវលេខ ១០១៩ ប្រសព្វផ្លូវលេខ ៥៨P ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក LANDCRUISER ពណ៌ប្រផេះ ផ្លាកលេខ រដ្ឋ 17-2-0304 បើកបរដោយឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ក្នុង ស្ថានភាពស្រវឹងដែលមានកម្រិតជាតិអាល់កុល ១,០៨ mg/L និងបានបត់ឆ្វេងឆ្លងផ្លូវដោយមិនគោរពសិទ្ធិយាន ផ្លូវត្រង់ បណ្តាលឲ្យម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ពណ៌ស ផ្លាកលេខ ភ្នំពេញ 1LK-2885 បើកមកបុកចំទ្វាររថយន្តខាងមុខផ្នែកខាងស្តាំបណ្តាលឲ្យជនរងគ្រោះឈ្មោះ ពៅ អេណា ភេទស្រី ដែលជាអ្នកបើកបរម៉ូតូស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងឈ្មោះ ប៉ែន លីន ភេទស្រី ជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិតក្រោយពេល បញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពីបានសាកសួរ និងពិនិត្យឆ្លៀតផ្ទាត់ភស្តុតាងនៅក្នុងសំណុំរឿង តំណាងអយ្យការសម្រេចធ្វើការ ចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ភេទប្រុស (ឃាត់ខ្លួន) ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។