Banner advertisement

ករណីក្មេងទំនើងជិត១០០នាក់អុកឡុកតាមដងផ្លូវ ! សមត្ថកិច្ចចាប់បាន១២នាក់បញ្ជូនទៅតុលាការ

11-Jun-2025 8:17 PM

ភ្នំពេញ៖ សកម្មភាពក្រុមក្មេងទំនើងនៅតែកើតមានបើទោះបីជាសមត្ថកិច្ចបានបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ តួយ៉ាងដូចជាករណីក្រុមក្មេងទំនើងមានគ្នាប្រមាណជិត ១០០នាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវ កាំបិត និងដំបង បានបង្កភាពអានាធិបតេយ្យតាមផ្លូវសាធារណៈដើម្បីស្វែងរកក្រុមក្មេងទំនើងមួយក្រុមទៀតដែលជាគូរបដិបក្ខដើម្បីកាប់គ្នា។ ប៉ុន្តែក្រុមក្មេងទំនើងទាំងនេះ ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយ ខេត្តកណ្តាល បង្ក្រាបបានចំនួន ១២នាក់ យកមកសួរនាំ និងបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។ 


ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការ បានចាត់ឲ្យលោកវរសេនីយ៍ទោ ប៉ា ច័ន្ធវិសាល អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍ ចេញកម្លាំងដេញចាប់បាន១២នាក់ខណៈបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនអស់ ដោយពេលនេះសមត្ថកិច្ចកំពុងតាមចាប់បន្ត។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២ និង ០៨ នាទី ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចភូមិភូមិស្តៅកន្លែង ៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ១២នាក់ ដែលឃាត់ខ្លួន ក្នុងចំណោមបក្ខពួកជិត ១០០នាក់ មានដូចជា ៖
១. ឈ្មោះ សូត្រ បញ្ញា ភេទប្រុស អាយុ ២០ ឆ្នាំ , ២. ឈ្មោះ បូ រក្សា ភេទស្រី អាយុ ១៦ ឆ្នាំ , ៣. ឈ្មោះ ផល ផានិត ភេទប្រុស អាយុ ១៨ ឆ្នាំ , ៤. ឈ្មោះ សុខ សុភី ភេទប្រុស អាយុ ១៧ ឆ្នាំ , ៥. ឈ្មោះ កែវ សុខហួរ(ទី) ភេទប្រុស អាយុ ២១ ឆ្នាំ , ៦. ឈ្មោះ អុន ឯសិទ្ធិ (លុច) ភេទប្រុស អាយុ ១៧ ឆ្នាំ , ៧. ឈ្មោះ លន់ ជីវ័ន្ត ភេទប្រុស អាយុ ១៦ ឆ្នាំ , ៨. ឈ្មោះ យ៉ុម វិរះបុត្រ ភេទប្រុស អាយុ ១៩ ឆ្នាំ , ៩. ឈ្មោះ កុយ សុខជីវ័ន្ត ភេទប្រុស អាយុ ១៨ ឆ្នាំ , ១០. ឈ្មោះ ណេត រ៉ាយុ ភេទប្រុស អាយុ ១៦ ឆ្នាំ , ១១. ឈ្មោះ សីហា បរិសុទ្ធ ភេទប្រុស និងទី១២.  ឈ្មោះ ម៉ៃ ហំ ភេទប្រុស អាយុ ១៧ ឆ្នាំ។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការបង្ក្រាប គឺក្រុមក្មេងទំនើងទាំងអស់នេះបាននាំគ្នាជិះម៉ូតូប្រមាណជា ៤០ គ្រឿង មានគ្នាជិត ១០០ នាក់ ដោយមានកាន់ដាវកែច្នៃ កាំបិត និងដំបង ជិះម៉ូតូប្រសាចពេញផ្លូវសាធារណៈ បង្កឲ្យមមានការភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ស្របពេល នោះ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ តាមឃាត់ខ្លួនចំនួន ១២នាក់។

ក្រុមក្មេងទំនើងទាំង ១២នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជានាំគ្នាជិះម៉ូតូជាហ្វូង ហើយមានកាន់កាប់ដាវ កាំបិត ដំបង... គ្រប់ដៃ ជិះម៉ូតូប្រសាចពេញផ្លូវនៅចំណុចកើតហេតុខាងលើមែន គោលបំណងគឺទៅកាប់ ឬ អុកឡុកលើមុខសញ្ញាដែលធ្លាប់មានទំនាស់ជាមួយពួកខ្លួនពិតមែន។ 

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអនុវត្តតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់កំពុងរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តយកមកអនុវត្តតាមនីតិវិធី៕

អត្ថបទដែលទាក់ទង